ព្រះមាតា​បង្កើត​នៃ​ព្រះសម្ពុទ្ធ​នេះ នឹង​មាន​ព្រះនាម​ថា មាយា ព្រះបិតា​មាន​ព្រះនាម​ថា សុទ្ធោទនៈ ឯព្រះពុទ្ធអង្គ​នេះ មាន​ព្រះនាម​ថា គោតម ព្រះ​ថេរៈ​ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹងជា​ឧបដ្ឋាក​បម្រើ​ព្រះ​ជិនស្រី​អង្គ​នោះ។ ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឈ្មោះ​ឧប្បល​វណ្ណា ១ ជា​មិន​អ្នក​មិន​មាន​អាសវៈ ប្រាសចាក​តម្រេក មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។ ពោធិព្រឹក្ស​របស់​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា អស្សត្ថ​ព្រឹក្ស ឧបាសក​ជា​ឧបដ្ឋាក​ដ៏​ប្រសើរ ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១។ ឧបាសិកា​ជា​ឧប​ដ្ឋា​យិ​កាដ​៏​ប្រសើរ ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ ព្រះ​គោតម​ដ៏​ទ្រង់​យស​អង្គ​នោះ មាន​ព្រះជន្ម ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា បាន​ស្តាប់​ភាសិត​របស់​ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​បុគ្គល​ស្មើ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​នេះ​ហើយ ក៏​រីករាយ​ថា បុរស​នេះ​ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ៦២ | បន្ទាប់