ពួក​មនុស្ស ព្រមទាំង​ទេវតា​មួយ​ម៉ឺន មាន​សំឡេង​ហ៊ោ​ឡើង​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា យើង​ទាំងឡាយ បើ​ឃ្វាង​មគ្គផល​ក្នុង​សាសនា​របស់​ព្រះ​លោកនាថ​កោណ្ឌញ្ញៈ​អង្គ​នេះ គង់​នឹង​បាន​ជួប​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​នឹង​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​នឹង​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​យ៉ាងណា យើង​ទាំងអស់គ្នា បើ​លះបង់​ព្រះ​ជិនស្រី​នេះ​ហើយ គង់​នឹង​បាន​ជួប​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន ក៏​យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​នូវ​ព្រះតម្រាស់​របស់​ព្រះសម្ពុទ្ធ​អង្គ​នោះ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃពេក កាល​ញ៉ាំង​ប្រយោជន៍​នោះ​ឲ្យ​សម្រេច បាន​ថ្វាយ​រាជសម្បត្តិ​ដ៏​ធំ ចំពោះ​ព្រះ​ជិនស្រី លុះ​ថ្វាយ​រាជសម្បត្តិ​ដ៏​ធំ​ហើយ ទើប​បួស​ក្នុង​សំណាក់​របស់​ព្រះអង្គ។ តថាគត​បាន​រៀន​ព្រះ​សូត្រ ព្រះ​វិន័យ និង​សត្ថុ​សាសនា​មាន​អង្គ ៩ ទាំងអស់ ហើយ​ញ៉ាំង​សាសនា​នៃ​ព្រះ​ជិនស្រី​ឲ្យ​រុងរឿង។
ថយ | ទំព័រទី ៦៣ | បន្ទាប់