ឈើ​សម្រាប់​ត្រាស់​ដឹង​របស់​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា​អស្សត្ថ​ព្រឹក្ស (ដើមពោធិ) ឧបាសក​ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១ នឹង​បាន​ជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹង​បាន​ជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​មានយស​នោះ ទ្រង់​មាន​ព្រះជន្មាយុ ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា បានឮ​ព្រះពុទ្ធដីកា​នេះ របស់​ព្រះពុទ្ធ​មិន​មាន​បុគ្គល​ស្មើ ស្វែងរក​គុណ​ដ៏​ធំ​ហើយ ក៏​មានចិត្ត​រីករាយ​ថា បុរស​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ ពួក​មនុស្ស ព្រមទាំង​ទេវតា​មួយ​ម៉ឺន​លោកធាតុ មាន​សំឡេង​ហ៊ោ​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា យើង​ទាំងឡាយ បើ​ឃ្វាង​មគ្គផល​ក្នុង​សាសនា​របស់​ព្រះ​លោកនាថ​នេះ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ យ៉ាងណា។
ថយ | ទំព័រទី ៧០ | បន្ទាប់