យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​ព្រះតម្រាស់​របស់​ព្រះពុទ្ធ​នោះ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃពេក បាន​អធិដ្ឋាន​វត្ត​តទៅទៀត ដោយ​ការ​បំពេញ​បារមី ១០។ ក្នុង​កាលនោះ តថាគត​ចម្រើន​បីតិ ថ្វាយ​ផ្ទះ​របស់​តថាគត ចំពោះ​ព្រះពុទ្ធ ហើយ​បួស​ក្នុង​សំណាក់​ព្រះអង្គ ដើម្បី​សម្រេច​ពោធិញ្ញាណ​ដ៏​ប្រសើរ។ តថាគត​បាន​រៀន​ព្រះ​សូត្រ ព្រះ​វិន័យ និង​សត្ថុ​សាសនា​មាន​អង្គ ៩ ទាំងអស់ ហើយ​ញ៉ាំង​សាសនា​នៃ​ព្រះ​ជិនស្រី​ឲ្យ​ល្អ​រុងរឿង។ តថាគត​មិន​ប្រមាទ កាល​នៅក្នុង​ទីនោះ ចម្រើន​ព្រហ្មវិហារ បានសម្រេច​អភិញ្ញា​បារមី ហើយក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក។ ព្រះ​មង្គល​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ធំ មាន​នគរ​ឈ្មោះ​ឧត្តរៈ មហាក្សត្រ ព្រះនាម​ឧត្តរៈ ជា​ព្រះបិតា ព្រះមាតា ព្រះនាម​ឧត្តរា។
ថយ | ទំព័រទី ៧១ | បន្ទាប់