ព្រះ​សាស្តា ទ្រង់​ស្រោចស្រង់​មហាជន ដោយ​សេចក្តី​ព្យាយាម​នោះ​យ៉ាងនេះ​ឯង បាន​ញ៉ាំង​សត្វ ១ សែន​កោដិ ឲ្យ​ត្រាស់​ដឹង​លើក​ទី ១។ ព្រះ​សាស្តា មាន​ព្យាយាម​ច្រើន ទ្រង់​ឲ្យ​ឱវាទ​ពួក​តិរ្ថិយ ក្នុង​កាលណា កាលនោះ សត្វ ១ សែន​កោដិ (បានសម្រេច​គុណវិសេស) ក្នុង​ធម្មទេសនា លើក​ទី ២។ ពួក​ទេវតា និង​មនុស្ស មាន​សេចក្តី​ព្រមព្រៀង​គ្នា មានចិត្ត​ស្រួលបួល សួរ​ប្រស្នា​ក្នុង​និរោធ​ផង សេចក្តី​សង្ស័យ​ផង សេចក្តី​ប្រាថ្នា​ក្នុងចិត្ត​ផង ក្នុង​កាលណា កាលនោះ ពួក​សត្វ ៩០ ពាន់​កោដិ បានសម្រេច​មគ្គផល លើក​ទី ៣ ក្នុង​ធម្មទេសនា​ជា​គ្រឿង​បំភ្លឺ​នូវ​និរោធ។ ព្រះ​សុ​មន​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ជា​ពួក​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ ទាំង​មានចិត្ត​នឹងធឹង។ កាល​ព្រះមានព្រះភាគ ទ្រង់​ចេញវស្សា​ហើយ កាល​ភិក្ខុសង្ឃ​ប្រកាស​បវារណា​ហើយ ព្រះ​តថាគត​ទ្រង់​បវារណា​ដោយ​ភិក្ខុ​ចំនួន​មួយ​សែន​កោដិ (នេះ​ជា​សន្និបាត​លើក ទី ១)។
ថយ | ទំព័រទី ៧៥ | បន្ទាប់