ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ ជា​អ្នក​មិន​មាន​អាសវៈ មិន​មាន​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។ ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​នោះ ហៅថា​អស្សត្ថ​ព្រឹក្ស ឧបាសក​ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១ នឹងជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម ទ្រង់​មានយស​អង្គ​នោះ នឹង​មាន​ព្រះជន្ម ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា បាន​ស្តាប់​ពុទ្ធដីកា​នេះ របស់​ព្រះមហេសី មិន​មាន​បុគ្គល​ស្មើ ហើយក៏​រីករាយ​ថា នាគរាជ​នេះ នឹងជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ ពួក​មនុស្ស ព្រមទាំង​ទេវតា​មួយ​ម៉ឺន​លោកធាតុ ស្រែក​ហ៊ោ​ឡើង​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា យើង​ទាំងឡាយ បើ​ឃ្វាង​មគ្គផល​ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​យ៉ាងណា។
ថយ | ទំព័រទី ៧៨ | បន្ទាប់