ព្រះមានព្រះភាគ ទ្រង់​ស្ទាត់​ក្នុង​បាដិហារ្យ ៣ យ៉ាង គឺ​ឥទ្ធិ​បាដិហារ្យ ១ អាទេស​នា​បាដិហារ្យ ១ អនុសាសនី​បាដិហារ្យ ១ ព្រះ​លោកនាយក ទ្រង់​និម្មិត​ទី​ចង្ក្រម តាក់តែងដោយ​រតនៈ​ទាំងអស់ សម្រេច​ល្អ​ហើយ។

ព្រះអង្គ​ទ្រង់​សម្តែង (នូវ​បាដិហារ្យ) លើ​ទី​ចង្ក្រម សម្រេច​ដោយ​កែវ លើ​ភ្នំ​សិនេរុ​ដ៏​ឧត្តម​ដោយលំដាប់ ដូចជា​សសរ​នៃ​លោកធាតុ​ទាំង​មួយ​ម៉ឺន។ ព្រះ​ជិនស្រី ទ្រង់​និម្មិត​ទី​ចង្ក្រម ជា​វិការៈ​នៃ​មាស​សុទ្ធ ត្រង់​ខាង​នៃ​ទី​ចង្ក្រម​ដ៏​សម្រេច​ដោយ​កែវ កន្លង​លោកធាតុ​មួយ​ម៉ឺន។ ទ្រង់​និម្មិត​នូវ​ថែវ​ទាំងឡាយ ជា​វិការៈ​នៃ​មាស​សុទ្ធ មាន​មេ​ដម្បូល និង​ផ្ទោង​ប្រព្រឹត្តទៅ ក្រាល​ដោយ​ក្តារ​មាស ត្រង់​ចំហៀង​ទាំងសងខាង (នៃ​រតន​ចង្ក្រម និង​សុវណ្ណ​ចង្ក្រម​នោះ)។ ព្រះសម្ពុទ្ធ ទ្រង់​និម្មិត​រតន​ចង្ក្រម​ដ៏​ពោរពាស​ដោយ​ខ្សាច់ ជា​វិការៈ​នៃ​កែវមណី និង​កែវ​មុក្តា ញ៉ាំង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ព្រោងព្រាត ហាក់ដូចជា​ព្រះអាទិត្យ​រះ​ឡើង។
ថយ | ទំព័រទី ៨ | បន្ទាប់