ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ ទ្រង់​មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ ទ្រង់​រុងរឿង​ក្នុង​ទី​ចង្ក្រម​នោះ ព្រះ​ជិនស្រី ទ្រង់​ចង្ក្រម​លើ​ទី​ចង្ក្រម។ ទេវតា​ទាំងអស់ មក​ប្រជុំ​គ្នា​ហើយ​រោយរាយ​នូវ​ផ្កា​មន្ទារ​វៈ ផ្កាឈូក និង​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ជា​ទិព្វ​ក្នុង​ទី​ចង្ក្រម។ ពួក​ទេវតា​មួយ​ម៉ឺន​លោកធាតុ ដែល​មក​ប្រជុំ​គ្នា បានឃើញ​ព្រះមានព្រះភាគ​អង្គ​នោះ ក៏​មានចិត្ត​ត្រេកអរ​រីករាយ ហើយ​ក្រាប​ថ្វាយបង្គំ។ ទេវតា​ទាំងឡាយ​ណា ជាន់​តាវត្តឹង្ស​ផង ជាន់​យាមៈ​ផង ជាន់​តុសិត​ផង ទេវតា​ជាន់​និម្មានរតី​ផង ទេវតា​ជាន់​វសវត្តី​ផង ទេវតា​ទាំងនោះ មានចិត្ត​អណ្តែត​ខ្ពស់​ឡើង មានចិត្ត​រីករាយ រមិលមើល​ព្រះ​លោកនាយក។
ពួក​ទេវតា ពួក​គន្ធព្វ ពួក​មនុស្ស និង​ពួក​អារក្ស ពួក​នាគ ពួក​គ្រុឌ ទាំង​ពួក​កិន្នរ ក៏​ឃើញ​ព្រះសម្ពុទ្ធ​ម្ចាស់ ទ្រង់​មាន​ព្រះទ័យ​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់​សត្វលោក​នោះ ហាក់ដូចជា​មណ្ឌលព្រះចន្ទ្រ​ខ្ពស់ត្រដែត​ឰដ៏​អាកាស។
ថយ | ទំព័រទី ៩ | បន្ទាប់