ព្រះ​សោ​ភិត​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង គឺ​កាល​ព្រះរាជា ព្រះនាម​ឧគ្គ​តៈ​អង្គ​នោះ ទ្រង់​ថ្វាយ​ទាន​ចំពោះ​ព្រះសម្ពុទ្ធ​ថ្លៃថ្លា​ជាង​នរជន ក្នុង​វេលា​ថ្វាយ​ទាន​នោះ មាន​អរហន្ត​មួយ​រយ​កោដិ និមន្ត​មក​ប្រជុំ​គ្នា (នេះ​ជា​សន្និបាត លើក​ទី ១)។ មួយវិញទៀត មាន​ពួក​បរិស័ទ​ថ្វាយ​ទាន ចំពោះ​ព្រះសម្ពុទ្ធ​ថ្លៃថ្លា​ជាង​ពួក​នរជន​ក្នុង​កាលនោះ មាន​ពួក​បរិស័ទ ៩០ កោដិ (មក​ប្រជុំ​គ្នា) នេះ​ជា​សន្និបាត លើក​ទី ២។ ព្រះ​ជិនស្រី ទ្រង់​គង់​ក្នុង​ទេវលោក ហើយ​ស្តេច​ចុះ​ចាក​ទេវលោក​ក្នុង​កាលណា កាលនោះ មាន​ពួក​បរិស័ទ ៨០ កោដិ (មក​ប្រជុំ​គ្នា) នេះ​ជា​សន្និបាត លើក​ទី ៣។ សម័យ​នោះ តថាគត​កើតជា​ព្រាហ្មណ៍​ឈ្មោះ​សុជាតៈ កាលនោះ​តថាគត​និមន្ត​ព្រះពុទ្ធ ព្រមទាំង​សាវ័ក ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់ ដោយ​បាយ និង​ទឹក។
ថយ | ទំព័រទី ៩១ | បន្ទាប់