ព្រះសម្ពុទ្ធ ព្រះនាម​សោ​ភិ​តៈ ជា​លោកនាយក​អង្គ​នោះ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ​ទៅ ព្រាហ្មណ៍​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ សត្វ​នេះ នឹង​ចេញ​អំពី​ក្រុង​កបិលពស្តុ​ជាទី​រីករាយ ហើយ​តាំង​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ (នេះ) នឹង​អង្គុយ​នៅ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួល​បាយាស​ក្នុង​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ បាន​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ចូល​ទៅ​គង់​ទៀប​គល់​នៃ​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​ចាត់ចែង​ហើយ។ លំដាប់​អំពី​នោះ​មក ព្រះ​ជិនស្រី​ទ្រង់​យស​ធំ​អង្គ​នោះ ទ្រង់​ធ្វើ​ប្រទក្សិណ​ពោធិ​មណ្ឌល​ដ៏​ប្រសើរ ហើយនឹង​បាន​ត្រាស់​ដឹង ទៀប​គល់​នៃ​អស្សត្ថ​ព្រឹក្ស។ ព្រះមាតា​បង្កើត​របស់​ព្រះពុទ្ធអង្គ​នោះ នឹង​មាន​ព្រះនាម​ថា​មាយា ព្រះបិតា ព្រះនាម​សុទ្ធោទនៈ ព្រាហ្មណ៍​នេះ នឹង​បាន​ជា​ព្រះពុទ្ធ ព្រះនាម​គោតម។
ថយ | ទំព័រទី ៩២ | បន្ទាប់