ព្រះ​ថេរៈ​ឈ្មោះ​កោ​លិ​តៈ ១ ឧបតិស្សៈ ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អានន្ទ នឹងជា​ឧបដ្ឋាក​បម្រើ​ព្រះ​ជិនស្រី​អង្គ​នេះ។ ព្រះ​ថេរី​ឈ្មោះ​ខេមា ១ ឧប្បល​វណ្ណា ១ មិន​មាន​អាសវៈ ប្រាសចាក​រាគៈ មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​តម្កល់​មាំ នឹងជា​អគ្គសាវិកា។ ឈើ​សម្រាប់​ត្រាស់​ដឹង​នៃ​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា អស្សត្ថ​ព្រឹក្ស ឧបាសក ឈ្មោះ​ចិត្តៈ ១ ហត្ថា​ឡវកៈ ១ នឹងជា​អគ្គ​ឧបដ្ឋាក។ ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​ទ្រង់​យស​អង្គ​នោះ មាន​ព្រះជន្ម ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា លុះ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នេះ របស់​ព្រះ​សោ​ភិត​សម្ពុទ្ធ ឥតមាន​បុគ្គល​ស្មើ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ហើយក៏​រីករាយ​ថា ព្រាហ្មណ៍​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។
ថយ | ទំព័រទី ៩៣ | បន្ទាប់