ពួក​មនុស្ស ព្រមទាំង​ទេវតា ក្នុង​មួយ​ហ្មឺន​លោកធាតុ នាំគ្នា​ស្រែក​ហ៊ោ​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា ពួក​យើង​បើនឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​របស់​ព្រះ​លោកនាថ​នេះ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ យ៉ាងណា យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ​ទៅ គង់​នឹង​បានសម្រេច​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះសម្ពុទ្ធ​អង្គ​នេះ ក្នុង​កាល​ជា​អនាគត ក៏​យ៉ាងនោះ​ដែរ។ ចំណែក​តថាគត លុះ​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះសម្ពុទ្ធ​អង្គ​នោះ ក៏​មានចិត្ត​ត្រេកអរ មានចិត្ត​តក់ស្លុត ហើយ​បាន​ធ្វើ​នូវ​ប្រាជ្ញា​ឲ្យ​ខ្ពង់ខ្ពស់ ដើម្បី​សម្រេចប្រយោជន៍​នោះ។ ព្រះ​សោ​ភិត​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​នគរ​ឈ្មោះ​សុ​ធម្មៈ ព្រះមហាក្សត្រ ព្រះនាម​សុ​ធម្មៈ ជា​ព្រះបិតា ព្រះមាតា ព្រះនាម​សុធម្មា ព្រះ​សោ​ភិត​សម្ពុទ្ធ​អង្គ​នោះ ទ្រង់​គ្រប់គ្រង​ដំណាក់​អស់ ៩ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ គឺ​កុមុទ​ប្រាសាទ ១ នឡិនី​ប្រាសាទ ១ បទុម​ប្រាសាទ ១។
ថយ | ទំព័រទី ៩៤ | បន្ទាប់