ព្រះ​មហាមុនី ទ្រង់​មាន​កម្ពស់ ៥៨ ហត្ថ ទ្រង់​ញ៉ាំង​ទិស​ទាំងពួង ឲ្យ​ភ្លឺរុងរឿង ដូច​ព្រះអាទិត្យ​រះ​ឡើង។ ព្រៃធំ​ដែល​មាន​ផ្កាឈើ​រីក​ល្អ ដែល​អប់​ដោយ​គ្រឿង​ក្រ​អូប​ផ្សេងៗ យ៉ាងណា ពាក្យ​ប្រដៅ​របស់​ព្រះសម្ពុទ្ធ​អង្គ​នោះ តែង​អប់​ដោយ​ក្លិនក្រអូប គឺ​សីល ក៏​យ៉ាងនោះ​ដែរ។ ធម្មតា​សាគរ គេ​តែង​មិន​ឆ្អែត​ដោយ​ការ​រមិលមើល យ៉ាងណា ពាក្យ​ប្រដៅ​របស់​ព្រះសម្ពុទ្ធ​អង្គ​នោះ គេ​មិន​ឆ្អែត​ដោយ​ការ​ស្តាប់ ក៏​យ៉ាងនោះ​ដែរ។ ព្រះអង្គ​មាន​ព្រះជន្ម ៩ ម៉ឺន​ឆ្នាំ ជា​កំណត់ ព្រះអង្គ​គង់នៅ​ដរាប​អស់​កាល​ប៉ុណ្ណោះ ទ្រង់​ញ៉ាំង​ប្រជុំជន ឲ្យ​ឆ្លង (វដ្តសង្សារ)។ ព្រះអង្គ ព្រមទាំង​សាវ័ក ទ្រង់​ឲ្យ​ឱវាទ និង​ការប្រៀនប្រដៅ​ចំពោះ​ជន​ដ៏​សេស ហើយ​ញ៉ាំង​ជន​ទាំងនោះ ឲ្យ​មាន​ព្យាយាម ដុត​កំ​ដៅ​កិលេស​ដូច​ភ្លើង រួច​បរិនិព្វាន។ ព្រះសម្ពុទ្ធ ស្មើដោយ​ព្រះពុទ្ធ ឥតមាន​បុគ្គល​ស្មើ អង្គ​នោះ​ក្តី ពួក​សាវ័ក​ទាំងនោះ ដែល​ដល់​នូវ​កម្លាំង​ក្តី របស់​ទាំងអស់​នេះ ក៏​វិនាស​សូន្យ​ទៅ សង្ខារ​ទាំងពួង​ជា​របស់​ទទេ​ពិត។
ថយ | ទំព័រទី ៩៦ | បន្ទាប់