សន្និបាត លើក​ទី ២ មាន​ព្រះអរហន្ត ៧ សែន ដែល​មិន​មាន​ទីទួល គឺ​កិលេស ប្រាសចាក​ធូលី គឺ​កិលេស ទាំង​មាន​សន្តាន​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង។ សន្និបាត​លើក​ទី ៣ មាន​ព្រះអរហន្ត ៦ សែន ដែល​បានសម្រេច​អភិញ្ញា​ពលៈ មានទុក្ខ​រំលត់​ហើយ មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស។ សម័យ​នោះ តថាគត​កើតជា​យក្ស មាន​ឫទ្ធិ​ច្រើន ជាធំ​ជាង​ពួក​យក្ស​ច្រើន​កោដិ ក្នុង​វសវត្តី​ទេវលោក។ កាលនោះ តថាគត​បាន​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ប្រសើរ​អង្គ​នោះ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ហើយ​អង្គាស​ព្រះ​លោកនាយក ព្រមទាំង​ព្រះសង្ឃ ឲ្យ​ឆ្អែត​ស្កប់ស្កល់ ដោយ​បាយ និង​ទឹក។ ឯព្រះ​មុនី​អង្គ​នោះ ទ្រង់​មាន​ព្រះនេត្រ​ដ៏​បរិសុទ្ធ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​មាន​ប្រមាណ​មិនបាន អំពី​កប្ប​នេះ​ទៅ យក្ស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ សត្វ​នេះ​នឹង​ចេញ​ចាក​ក្រុង​កបិលពស្តុ​ជាទី​រីករាយ ហើយ​តាំង​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ៩៩ | បន្ទាប់