ព្រះ​កាយ​របស់​ព្រះអង្គ មាន​រស្មី​ប្រមាណ​មួយ​ព្យាយាម តែង​ផ្សាយ​ទៅកាន់​ទិសតូច​ទិសធំ តែង​ផ្សាយ​ទៅកាន់​ទី​ប្រមាណ ១ យោជន៍ ទាំងថ្ងៃទាំងយប់ ជា​និ​រន្តរ៍​សព្វៗ កាល។ សម័យ​នោះ ជន​ទាំងឡាយ​ពួក​ខ្លះ នៅក្នុង​ទី​ប្រមាណ​មួយ​យោជន៍ ដោយ​ជុំវិញ ត្រូវ​រស្មី​ទាំងឡាយ​នៃ​ព្រះពុទ្ធ គ្រប​សង្កត់​ហើយ មិន​ចាំបាច់​អុជ​ភ្លើងគប់ ឬអុជ​ភ្លើង​ប្រទីប​ទាំងឡាយ​ឡើយ។ ព្រះជន្មាយុ​កំណត់​ប្រាំបួន​សែន​ឆ្នាំ​គត់ កាល​ទ្រង់ព្រះ​ជន្មាយុ​នៅ​ដរាប​នោះ តែង​ញ៉ាំង​ប្រជុំជន​ដ៏​ច្រើន ឲ្យ​ឆ្លង​ចាក​សង្សារ។ អាកាស​ដ៏​វិចិត្រ រុងរឿង​ដោយ​ផ្កាយ​ទាំងឡាយ យ៉ាងណា សាសនា​របស់​ព្រះ​នារ​ទៈ​អង្គ​នោះ ក៏​រុងរឿង​ដោយ​ព្រះអរហន្ត​ទាំងឡាយ ក៏​យ៉ាងនោះ​ដែរ។ ព្រះពុទ្ធ​ព្រះនាម​នារ​ទៈ ប្រសើរ​ជាង​ពួក​នរៈ​អង្គ​នោះ ទ្រង់​ធ្វើ​ស្ពាន គឺ​ព្រះធម៌​ឲ្យ​មាំ ដើម្បី​ចម្លង​នូវ​ជន​ទាំងឡាយ​ដ៏​សេស ដែល​កំពុង​ដើរទៅ​ដើម្បី​ឆ្លង​នូវ​ខ្សែទឹក គឺ​សង្សារ ហើយ​បរិនិព្វាន។ ព្រះពុទ្ធ ស្មើដោយ​ព្រះពុទ្ធ ដែល​គ្មាន​បុគ្គល​ស្មើ​អង្គ​នោះ​ក្តី ព្រះ​ខីណាស្រព​ទាំងឡាយ មាន​តេជះ​ថ្លឹង​ពុំ​បាន ទាំងអម្បាល​នោះ​ក្តី ក៏​និព្វាន​បាត់បង់​អស់ របស់​ទាំងពួង​ក៏​អន្តរធាន​អស់ ឱហ្ន៎! សង្ខារ​ទាំងពួង ជា​របស់​សោះសូន្យ​ពិត។
ថយ | ទំព័រទី ១១៩ | បន្ទាប់