ក្នុង​កាលណា ព្រះ​មហា​វីរបុរស ស្តេច​ចូល​ទៅ​រក ព្រះបាទ​អានន្ទ ជា​ព្រះបិតា លុះ​ស្តេច​ចូល​ទៅកាន់​សំណាក់​ព្រះបិតា​ហើយ ទ្រង់​ទូងស្គរ គឺ​អមត​ធម៌។ កាល​ស្គរ គឺ​អមត​ធម៌ ដែល​ព្រះអង្គ​ទ្រង់​ទូង​ហើយ ភ្លើង​គឺ​ធម៌ ក៏​ធ្លាក់ចុះ (ក្នុង​កាលនោះ) ពួក​សត្វ​ប្រមាណ ៥ លាន បាន​ត្រាស់​ដឹង​ក្នុង​លើក​ទី ៣។ ព្រះពុទ្ធ ទ្រង់​ឈ្លាស​ក្នុង​ទេសនា ទ្រង់​ទូន្មាន​ពន្យល់ ចម្លង​នូវ​សត្វ​ទាំងពួង បាន​ចម្លង​ហើយ​នូវ​ប្រជុំជន​ជាច្រើន។ ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ មាន​សាវក​សន្និបាត ៣ លើក គឺ​សន្និបាត​លើក​ទី ១ មាន​ព្រះ​ខីណាស្រព ប្រមាណ​មួយ​សែន​កោដិ។ កាលណា ព្រះសម្ពុទ្ធ​ស្មើដោយ​ព្រះ​អតីត​ពុទ្ធ រក​បុគ្គល​ស្មើ​គ្មាន ទ្រង់​គង់នៅ​លើ​ភ្នំ​វេ​ភារ​បព៌ត (ក្នុង​កាលនោះ) ជា​សន្និបាត​លើក​ទី ២ មាន​ព្រះ​ខីណាស្រព ប្រមាណ ៩០ ពាន់​កោដិ។ កាល​ព្រះសម្ពុទ្ធ ចៀសចេញ​ចាក​ស្រុក ចាក​និគម និង​ដែន ទៅកាន់​ចារិក​ម្តង​ទៀត នេះ​ជា​សន្និបាត​លើក​ទី ៣ មាន​ព្រះ​ខីណាស្រព​ប្រមាណ ៨០ ពាន់​កោដិ។
ថយ | ទំព័រទី ១២១ | បន្ទាប់