ជា​ឫស្សី​តែមួយ​ដើម លូតលាស់​ឡើង​ហើយ ឯមែក​ក៏​បែកចេញ​អំពី​ដើម​នោះ​ជា ៥ មែក ឫស្សី​នោះ ជា​ឈើ​ល្អ​ដូចជា​បាច់​នៃ​កន្ទុយក្ងោក ដែលគេ​ចង​ល្អ​ហើយ​ដូច្នោះ។ ឫស្សី​នោះ ជា​ឫស្សី​ឥត​បន្លា ឥត​ប្រហោង មាន​មែក​ត្រសុំត្រសាយ ដេរដាស​ដោយ​មែក មាន​ម្លប់​ត្រឈៃ ជាទី​រីករាយ​នៃ​ចិត្ត។ ឧបាសក​ឈ្មោះ​សុ​ទត្តៈ ១ ឈ្មោះ​ចិត្តៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​នាង​សុ​ភទ្ទ្រា ១ នាង​បទុមា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​ជិនស្រី​អង្គ​នោះ មាន​កំពស់ ៥០ ហត្ថក្រពុំ ទ្រង់​ប្រកបដោយ​អាការៈ​ប្រសើរ​គ្រប់យ៉ាង ទ្រង់​ប្រកបដោយ​គុណ​ទាំងពួង។ រស្មី​នៃ​ព្រះសម្ពុទ្ធ​អង្គ​នោះ ស្មើដោយ​រស្មី​នៃ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ តែង​ផ្សាយ​ចេញទៅ​ក្នុង​ទី​ជុំវិញ ព្រះសម្ពុទ្ធ​នោះ មាន​ព្រះគុណ​ប្រមាណ​មិនបាន មាន​ព្រះគុណ​ថ្លឹង​មិនបាន មិន​មាន​ឧបមា​ដោយ​សេចក្តី​ឧបមា​ទាំងឡាយ​ឡើយ។ ព្រះជន្មាយុ​មានកំណត់ ៩០ ពាន់​ឆ្នាំ​គត់ ព្រះពុទ្ធអង្គ​នោះ កាល​គង់​ព្រះជន្មាយុ​នៅ​ដរាប​នោះ តែង​ញ៉ាំង​ប្រជុំជន​ជាច្រើន ឲ្យ​ឆ្លង (ចាក​សង្សារ)។
ថយ | ទំព័រទី ១៤២ | បន្ទាប់