សុ​ភទ្ទ​គហបតី ១ កដិ​ស្សហ​គហបតី ១ ជា​អគ្គ​ឧបដ្ឋាក នាង​សា​ឡិ​សា ១ នាង​កឡិស្សា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះពុទ្ធ​នោះ ទ្រង់​ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​បុគ្គល​ស្មើ ទ្រង់​មាន​កំពស់ ៨០ ហត្ថ ទ្រង់​រុងរឿង​ក្រៃលែង​ដោយ​តេជះ ក្នុង​មួយ​ហ្មឺន​លោកធាតុ។ ដើម​សាល​រាជព្រឹក្ស មាន​ផ្ការីក​ស្គុះស្គាយ​ល្អ ផ្លេកបន្ទោរ​លើ​អាកាស ព្រះអាទិត្យ​នា​ថ្ងៃត្រង់ រុងរឿង​ល្អ យ៉ាងណាមិញ ព្រះពុទ្ធអង្គ​នោះ ទ្រង់​រុងរឿង​ល្អ យ៉ាងនោះ។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​មាន​តេជះ​ថ្លឹង​ពុំ​បាន មានជីវិត​ដ៏​ស្មើ​ល្អ ព្រះពុទ្ធ​មាន​បញ្ញាចក្ខុ ទ្រង់​ឋិតនៅ​ក្នុង​លោក​អស់​មួយ​សែន​ឆ្នាំ។ ព្រះពុទ្ធអង្គ​នោះ ព្រមទាំង​សាវ័ក ទ្រង់​សម្តែង​រស្មី ធ្វើ​សាសនា​មិន​ឲ្យ​មានមន្ទិល ដូច​ព្រះចន្ទ្រ កាល​រុងរឿង​ឰដ៏​អាកាស ហើយ​បរិនិព្វាន។
ថយ | ទំព័រទី ១៦៣ | បន្ទាប់