ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ ជា​អគ្គ​ឧបដ្ឋាយិកា តថាគត​បាន​ដល់​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម ទៀប​គល់​អស្សត្ថ​ព្រឹក្ស។ តថាគត មាន​រស្មី​មួយ​ព្យាម​សព្វៗកាល មាន​កំពស់ ១៦ ហត្ថ ក្នុង​កាល​ឥឡូវនេះ តថាគត​មាន​អាយុ​តិច បានតែ១០០ ឆ្នាំ។ តថាគត កាល​ឋិតនៅ​អស់​កាល​ត្រឹមនោះ បាន​ញ៉ាំង​ប្រជុំជន​ដ៏​ច្រើន ឲ្យ​ឆ្លង​ចាក​សង្សារ ហើយ​តម្កល់ទុក​គប់ភ្លើង គឺ​ធម៌ ដើម្បី​ញ៉ាំង​ជន​ខាងក្រោយ ឲ្យបាន​ត្រាស់​ដឹងផង។ មិនយូរ​ប៉ុន្មាន​ទេ តថាគត ព្រមទាំង​សង្ឃ​ជា​សាវ័ក នឹង​និព្វាន​ក្នុង​ទីនេះ ដូចជា​ភ្លើង​រលត់ ព្រោះ​អស់​អាហារ គឺ​ឧស។ អគ្គសាវ័ក​ទាំងគូ​នេះឯង មាន​តេជះ​ថ្លឹង​ពុំ​បាន​ផង មានយស និង​កម្លាំង​ឫទ្ធិ​ផង តថាគត​មាន​រាងកាយ​ទ្រទ្រង់នូវ​គុណ វិចិត្រ​ដោយ​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ រស្មី ៦ ពណ៌ ភ្លឺ​ទៅ​ក្នុង​ទិស​ទាំង ១០ ដូច​ព្រះអាទិត្យ របស់​ទាំងអស់​នេះ នឹង​វិនាស​សូន្យ​ទៅ ឱ! សង្ខារ​ទាំងពួង ជា​របស់​ទទេ​ទេតើ។

ចប់ គោតមពុទ្ធ​វង្ស ទី២៥។

ថយ | ទំព័រទី ២៣២ | បន្ទាប់