គ្រានោះ ព្រាហ្មណ៍​នោះ ផ្គងដៃ​ឆ្វេង និង​ដៃស្តាំ ហើយ​ធ្វើ​អញ្ជលី​លើ​សិរ្សៈ ពោល​ពាក្យ​នេះ​ថា បពិត្រ​ធម្មិក​មហារាជ ជា​អ្ន​កញុំាង​ដែន​ឲ្យ​ចម្រើន ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ព្រះអង្គ កិត្តិស័ព្ទ​របស់​ព្រះអង្គ​ថា ត្រេកអរ​ក្នុង​ទាន ល្បី​ទូទ័រ​ទៅ​ក្នុង​ទេវលោក និង​មនុស្សលោក។ ភ្នែក​ទាំងពីរ​នៃ​ទូលព្រះបង្គំ ត្រូវ​ងងឹត​បៀតបៀន​ហើយ សូម​ព្រះអង្គ​ប្រទាន​នូវ​ព្រះនេត្រ​មួយ ដល់​ទូលព្រះបង្គំ ចំណែក​ព្រះអង្គ សូម​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ព្រះនេត្រ​ម្ខាង​ចុះ។ តថាគត​ឮពាក្យ​នៃ​ព្រាហ្មណ៍​នោះ​ហើយ ក៏​រីករាយ មានចិត្ត​សង្វេគ ធ្វើ​អញ្ជលី មាន​សេចក្តី​ត្រេកអរ ហើយ​ពោល​ថា ខ្ញុំ​ទើបនឹង​គិតឃើញ​អម្បាញ់មិញ​នេះ ហើយ​ចុះ​អំពី​ប្រាសាទ​មក​ក្នុង​ទីនេះ អ្នក​ទំនងជា​ដឹងចិត្ត​ខ្ញុំ ទើប​មក​សូម​ភ្នែក​ខ្ញុំ ឱហ្ន៎! សេចក្តី​ប្រាថ្នា​ក្នុងចិត្ត​នៃ​ខ្ញុំ សម្រេច​ហើយ សេចក្តី​ត្រិះរិះ​នៃ​ខ្ញុំ ពេញ​ហើយ ទាន​ដ៏​ប្រសើរ ដែល​ខ្ញុំ​មិនធ្លាប់​ឲ្យ ខ្ញុំ​នឹង​ឲ្យ​ដល់​ស្មូម​ក្នុងថ្ងៃនេះ។
ថយ | ទំព័រទី ២៥១ | បន្ទាប់