ភាព​មិន​ឈ្លាសវៃ ភាព​មិន​គួរ​ដល់​ការងារ ការ​ជ្រប់​នៅ ការ​សម្ងំ​នៅ សេចក្តី​រួញរា អាការ​រួញរា ភាព​រួញរា សេចក្តី​ធុញទ្រាន់ ការ​ធុញទ្រាន់ ភាព​ធុញទ្រាន់​ណា នៃ​ចិត្ត នេះ​ហៅថា ថី​នៈ។ បណ្តា​ធម៌​ទាំងនោះ មិទ្ធៈ តើ​ដូចម្តេច។ ភាព​មិន​ឈ្លាសវៃ ភាព​មិន​គួរ​ដល់​ការងារ ការ​ជ្រប់ ការ​ស្រពោន ការ​ងងឹតឈ្លប់​ខាងក្នុង ការ​ងោក​ងក់ ការ​សុបសៅ អាការ​យឺត​ភ្លឹះៗ សេចក្តី​សុបសៅ អាការ​សុបសៅ ភាព​សុបសៅ​ណា​នៃ​កាយ នេះ​ហៅថា មិទ្ធៈ។ នេះ​ថី​នៈ នេះ​មិទ្ធៈ ដោយ​ប្រការ​ដូច្នេះ​ឯង។ នេះ​ហៅថា ថីនមិទ្ធ​នី​វរ​ណៈ។
 [២៥២] បណ្តា​នី​វរ​ណៈ​ទាំងនោះ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ តើ​ដូចម្តេច។ ឧទ្ធច្ចៈ (ការ​អណ្តែត​អណ្តូង) ក៏​មាន កុក្កុ​ច្ចៈ (ការ​នឹក​រង្កៀស) ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ឧទ្ធច្ចៈ តើ​ដូចម្តេច។ ការ​អណ្តែត​អណ្តូង ការ​មិន​ស្ងប់​រម្ងាប់ ការ​រាយមាយ ការ​ភ័ន្តភាំង​ណា​នៃ​ចិត្ត នេះ​ហៅថា ឧទ្ធច្ចៈ។ បណ្តា​ធម៌​ទាំងនោះ កុក្កុ​ច្ចៈ តើ​ដូចម្តេច។ ការ​សំគាល់​ថា​គួរ​ក្នុង​របស់​មិន​គួរ សំគាល់​ថា​មិន​គួរ​ក្នុង​របស់​គួរ សំគាល់​ថា​ជា​ទោស​ក្នុង​របស់​មិនមែន​ជា​ទោស សំគាល់​ថា​មិនជា​ទោស​ក្នុង​របស់​ជា​ទោស និង​សេចក្តី​រង្កៀស អាការ​រង្កៀស ភាព​នៃ​ចិត្ត​រង្កៀស ការ​ក្តៅក្រហាយ​ចិត្ត ការ​រសេមរសាម​ចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា កុក្កុ​ច្ចៈ។ នេះ​ឧទ្ធច្ចៈ នេះ​កុក្កុ​ច្ចៈ ដោយ​ប្រការ​ដូច្នេះ​ឯង។ នេះ​ហៅថា ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់