​[​៥៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ចីវរ​មិនបាន​កាត់​ ​ទ្រទ្រង់​ចីវរ​ជ្រលក់​ ​ដោយ​ទឹកចត់​ ​មាន​ពណ៌​ដូច​ភ្លុក​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ប្រើប្រាស់​ចីវរ​ ​ដែល​មិនបាន​កាត់​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៥៥​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​គង់នៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ដោយសមគួរ​ ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយក៏​ទ្រង់​យាង​ចេញទៅ​ ​កាន់​ចារិក​ ​ក្នុង​ទក្ខិណា​គិរី​ជនបទ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​ស្រែ​អ្នក​ដែន​មគធៈ​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ជ្រុង​បួន​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ភ្លឺ​វែង​ ​ដោយ​បណ្តោយ​ផង​ ​ដោយ​ទទឹង​ផង​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ភ្លឺ​ខ្លី​ក្នុង​ចន្លោះ​ៗ​ ​មាន​សណ្ឋាន​ ​ជា​បួនជ្រុង​ ​ដោយមាន​ភ្លឺ​ខ្លី​បាញ់​រត់​គ្នា​ ​លុះ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​នែ​អានន្ទ​ ​អ្នក​ឃើញ​ស្រែ​អ្នក​ដែន​មគធៈ​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ជ្រុង​បួន​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ភ្លឺ​វែង​ ​ដោយ​បណ្តោយ​ផង​ ​ដោយ​ទទឹង​ផង​ ​មាន​សណ្ឋាន​ជា​ស្រែ​ ​មាន​ភ្លឺ​ខ្លី​ក្នុង​ចន្លោះ​ៗ​ ​មាន​សណ្ឋាន​ជា​បួនជ្រុង​ ​ដោយមាន​ភ្លឺ​ខ្លី​បាញ់​រត់​គ្នា​ឬទេ​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់