ក៏​ទ្រង់​យាង​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​នែ​ភិក្ខុ​ ​អ្នកធ្វើ​អ្វី​។​ ​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ប៉ះ​នូវ​បម្នះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តប​ថា​ ​ប្រពៃ​ហើយ​ ​ៗ​ភិក្ខុ​ ​ប្រពៃ​ហើយ​ភិក្ខុ​ ​អ្នក​បាន​ប៉ះ​នូវ​បម្នះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សំពត់​នៅ​ថ្មោង​ ​ឬ​សំពត់​ដែលគេ​បោក​លាង​ម្តង​ហើយ​ ​តថាគត​ ​អនុញ្ញាត​ ​(​ឲ្យ​អ្នក​ទាំងឡាយ​ធ្វើ​)​ ​សង្ឃាដិ២ជាន់​ ​ឧត្តរាសង្គៈ១ជាន់​ ​ស្បង់១ជាន់​ ​(​បើ​)​ ​សំពត់​ដែលគេ​រើ​ឡើង​ពីរ​ដូវ​ ​(​គឺ​សំពត់​ចាស់​)​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​អ្នក​ទាំងឡាយ​ ​ធ្វើ​សង្ឃាដិ៤ជាន់​ ​ឧត្តរាសង្គៈ២ជាន់​ ​ស្បង់២ជាន់​ ​អ្នក​ទាំងឡាយ​ ​គួរ​ធ្វើ​នូវ​សេចក្តី​ប្រឹងប្រែង​ ​ស្វែងរក​សំពត់​បង្សុកូល​ ​សំពត់​ធ្លាក់ចុះ​ក្នុង​រាន​ផ្សារ​ ​តាមត្រូវ​ការ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​បម្នះ​(​១​)​ ​នូវ​ការ​ជុល​ ​នូវ​ក្រវិល​ក​ណ្ឌុំ​ ​នូវ​ក​ណ្ឌុំ​ ​នូវ​ការ​ធ្វើឲ្យ​មាំ​(​២​)​ ​។​
​(​១​)​ ​បាន​ដល់​សំពត់​ ​ដែល​ភិក្ខុ​ប៉ះ​ត្រង់កន្លែង​ធ្លុះ​ ​ឬ​ត្រង់កន្លែង​ដែល​ខ្លួន​កាត់ចេញ​។​ ​(​២​)​ ​បាន​ដល់​សំពត់​ ​ដែល​ភិក្ខុ​ប៉ះ​ត្រង់កន្លែង​ ​ដែល​មិនបាន​កាត់ចេញ​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់