នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុនេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុនេះ) ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បីតែជើង ឬចីវររបស់ភិក្ខុ១អង្គ ក៏គ្មានទទឹកឡើយ ហើយក៏មានចិត្តរីករាយខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែព្រះភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ នាងក៏អង្គុយនៅក្នុងទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមពរ៨ប្រការអំពីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយគ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមតែពរណា ដែលគួរ និងពរណា ដែលឥតទោស។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ។ នាងវិសាខា ក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់ប្រគេនវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ចង់ប្រគេនអាគន្តុកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុទើបមកដល់ថ្មី)