បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សាមណេរ​ឈ្មោះ​នេះ​ ​ធ្វើ​មរណភាព​ទៅ​ហើយ​ ​ចីវរ​ ​និង​បាត្រ​នេះ​ ​ជា​របស់​សាមណេរ​នោះ​។​ ​ឥឡូវ​ ​សង្ឃ​ឲ្យ​ចីវរ​ ​និង​បាត្រ​នេះ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ហើយ​។​ ​ការ​ឲ្យ​ចីវរ​ ​និង​បាត្រ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​នេះ​ ​(​បើ​)​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​(​បើ​)​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​និយាយឡើង​។​ ​ចីវរ​ ​និង​បាត្រ​នេះ​ ​សង្ឃ​បាន​ឲ្យ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ហើយ​។​ ​ការ​ឲ្យ​ចីវរ​ ​និង​បាត្រ​ ​ដល់​ពួក​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​ប្រហែលជា​គាប់ចិត្ត​ ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​ ​យ៉ាងនេះ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​និង​សាមណេរ​មួយ​រូប​ ​បម្រើ​ភិក្ខុ​ឈឺ​។​ ​កាលបើ​ភិក្ខុ​ ​និង​សាមណេរ​ទាំងនោះ​ ​កំពុង​បម្រើ​ ​ភិក្ខុ​ឈឺ​នោះ​ ​ក៏​ធ្វើ​មរណភាព​ទៅ​។​ ​ឯ​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​អាត្មាអញ​ ​ត្រូវឲ្យ​ចំណែក​ចីវរ​ទៅ​សាមណេរ​ ​ដែល​ជា​អ្នកបម្រើ​ជម្ងឺ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ​ឲ្យ​ចំណែក​ស្មើគ្នា​ ​ទៅ​សាមណេរ​ ​ដែល​ជា​អ្នកបម្រើ​ជម្ងឺ​ចុះ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​មានទ្រព្យ​ច្រើន​ ​មាន​បរិក្ខារ​ច្រើន
ថយ | ទំព័រទី ១៦៤ | បន្ទាប់