មួយទៀត ចំណែកចីវររបស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សាក្នុងអាវាសឯណោះ ឯចំណែកចីវររបស់ខ្ញុំ (មាននៅ) ក្នុងអាវាសនោះដែរ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរនោះមក យើងទាំងឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុទាំងឡាយថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវររបស់ខ្ញុំ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់លោក។ ភិក្ខុនោះ ក៏នាំយកចីវរនោះ ហើយទៅកាន់អាវាសនោះ។ លុះភិក្ខុនោះទៅដល់អាវាសនោះហើយ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ