សច្ច​វិភង្គ


 [១៤៤] អរិយសច្ច ៤ គឺ ទុក្ខអរិយសច្ច ទុក្ខសមុទយ​អរិយសច្ច ទុក្ខនិរោធ​អរិយសច្ច ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច។
 [១៤៥] បណ្តា​អរិយសច្ច ៤ នោះ ទុក្ខអរិយសច្ច តើ​ដូចម្តេច។ ការ​កើត ជា​ទុក្ខ ការ​ចាស់​គ្រាំគ្រា ជា​ទុក្ខ សេចក្តី​ស្លាប់ ជា​ទុក្ខ សេចក្តី​សោក ខ្សឹកខ្សួល លំបាក​កាយ អាក់អន់​ចិត្ត តានតឹង​ចិត្ត ជា​ទុក្ខ ការ​ជួប​ប្រសព្វ​ដោយ​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់ ជា​ទុក្ខ ការ​ព្រាត់ប្រាស​ចាក​សត្វ និង​សង្ខារ​ជាទីស្រឡាញ់ ជា​ទុក្ខ បុគ្គល​កាល​ចង់បាន​របស់​ណា តែ​មិនបាន​របស់​នោះ ការ​មិនបាន​នោះ ជា​ទុក្ខ ដោយ​បំព្រួញ ឧបាទានក្ខន្ធ​ទាំង ៥ ក៏​ជា​ទុក្ខ។
 [១៤៦] បណ្តា​ទុក្ខ​ទាំងនោះ ការ​កើត តើ​ដូចម្តេច។ ការ​កើត កិរិយា​កើត​ព្រម ការ​ចុះ​ចាប់​ផ្ទៃ ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​នៃ​ខន្ធ​ទាំងឡាយ ការបាន​អាយតនៈ​ទាំងឡាយ​ណា របស់​សត្វ​ទាំង​ឡាយ​នោះៗ ក្នុង​ពួក​សត្វ​នោះៗ នេះ​ហៅថា ការ​កើត។
 [១៤៧] បណ្តា​ទុក្ខ​ទាំងនោះ ការ​ចាស់​គ្រាំគ្រា តើ​ដូចម្តេច។ សេចក្តី​គ្រាំគ្រា ភាព​នៃ​ការ​ទ្រុឌទ្រោម ធ្មេញ​បាក់ សក់ស្កូវ ស្បែក​ជ្រួញជ្រីវ យុរយារ ការ​ថយ​ចុះ​នៃ​អាយុ ការ​ចាស់ទុំ​នៃ​ឥន្រ្ទិយ​ទាំងឡាយ​ណា របស់​សត្វ​ទាំង​ឡាយ​នោះៗ ក្នុង​ពូក​សត្វ​នោះៗ នេះ​ហៅថា ការ​ចាស់​គ្រាំគ្រា។
ថយ | ទំព័រទី ១៩៤ | បន្ទាប់