[១៤៨] បណ្តា​ទុក្ខ​ទាំងនោះ សេចក្តី​ស្លាប់ តើ​ដូចម្តេច។ ការ​ឃ្លាត ភាព​នៃ​ចិត្ត​ឃ្លាត ការ​បែ​កធា្លយ សេចក្តី​បាត់បង់ សេចក្តី​វិនាស​ជីវិត សេចក្តី​ស្លាប់ កាលកិរិយា ការ​បែ​កធា្លយ​នៃ​ខន្ធ​ទាំងឡាយ ការ​ដាក់ចុះ​នូវ​សាកសព ការ​ផ្តាច់​បង់​ជីវិតិន្ទ្រិយ​ណា របស់​សត្វ​ទាំង​ឡាយ​នោះៗ ក្នុង​ពូក​សត្វ​នោះៗ នេះ​ហៅថា សេចក្តី​ស្លាប់។
 [១៤៩] បណ្តា​ទុក្ខ​ទាំងនោះ សេចក្តី​សោក តើ​ដូចម្តេច។ សេចក្តី​ជ្រប់​ស្រពោន អាការ​នៃ​ចិត្ត​ជ្រប់​ស្រពោន ភាព​នៃ​ចិត្ត​សង្រេងសង្រៃ សេចក្តី​ស្ងួតស្ងប់ សេចក្តី​ស្ងួតស្ងប់​ខ្លាំង សេចក្តី​ក្រៀមក្រំ​នៃ​ចិត្ត សេចក្តី​អាក់អន់​ចិត្ត សរ​គឺ​សោក របស់​សត្វ ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី (ឬ) ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា សេចក្តី​សោក។
ថយ | ទំព័រទី ១៩៥ | បន្ទាប់