[២១៥] ត្រង់​ពាក្យ​ថា ប្រារព្ធ​ព្យាយាម មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ការ​ព្យាយាម តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា ការ​ព្យាយាម ភិក្ខុ​ប្រារព្ធ កាន់​យក​ត្រូវ គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ការ​ព្យាយាម​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រារព្ធ​ព្យាយាម។
 [២១៦] ត្រង់​ពាក្យ​ថា ផ្គង​ចិត្ត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត ភិក្ខុ​ផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់​ទុក​នូវ​ចិត្ត​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ផ្គង​ចិត្ត។
 [២១៧] ត្រង់​ពាក្យ​ថា ប្រឹងប្រែង មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ការ​ប្រឹងប្រែង តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា ការ​ប្រឹងប្រែង ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​ការ​ប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រឹងប្រែង។
ថយ | ទំព័រទី ១៦៩ | បន្ទាប់