[២១៨] ចុះ​ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ តើ​ដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ មោហៈ និង​ពួក​កិលេស ដែល​ឋិតនៅ​ជាមួយនឹង​អកុសលមូល​នោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស​នោះ កាយ​កម្ម វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​ដោយ​ខន្ធ​នោះ ធម៌​ទាំងនេះ ហៅថា ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ។ ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនេះ ដែល​កើតឡើង​ហើយ ដោយ​ប្រការ​ដូច្នេះ។
 [២១៩] ត្រង់​ពាក្យ​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត មាន​សេចក្តី​ថា បណ្តា​បទ​ទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​អ្នក​ប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នា​ធម៌​ជាកុសល​ណា នេះ​ហៅថា ឆន្ទៈ ភិ​ក្ខុញុំាង​ឆន្ទៈ​នេះ ឲ្យ​កើត ឲ្យ​លូតលាស់ ឲ្យ​ដុះដាល ឲ្យ​តាំង​ឡើង ឲ្យ​ចំរើន​ឡើង ឲ្យ​កើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាង​ឆន្ទៈ ឲ្យ​កើត។
ថយ | ទំព័រទី ១៧០ | បន្ទាប់