បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្តទៅកាន់ទិស១ យ៉ាងណា ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ឬទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង មានសេចក្តីថា ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង នុ៎ះជាពាក្យរួបរួមសត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប មិនសល់ ឥតសេសសល់។ ពាក្យថា មានចិត្តប្រកបដោយឧបេក្ខា សេចក្តីថា បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយ អាការព្រងើយ ភាពនៃការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ឧបេក្ខា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយឧបេក្ខា។