ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ជា​សុញ្ញ​តៈ ជា​វិបាក ព្រោះ​ភាព​នៃ​លោកុត្តរ​កុសល​ជ្ឈាន​នោះ​ឯង ដែល​លោក​បាន​ធ្វើ​ហើយ ចំរើន​ហើយ ក្នុង​សម័យ​នោះ ពោជ្ឈង្គ ៧ គឺ សតិ​សម្ពោ​ជ្ឈង្គ ១។បេ។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១ ក៏​កើតមាន។ បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងឡាយ​នោះ សតិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​សម្ពោ​ជ្ឈង្គ។បេ។ បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ ឧបេក្ខា​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ការ​រំពឹង​ឃើញ អាការ​រំពឹង​ឃើញ ការ​រំពឹង​ឃើញ​ជាក់ ភាព​នៃ​ចិត្ត​តាំងនៅ​ជា​កណ្តាល ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ណា នេះ​ហៅថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ។ ធម៌​ទាំងនេះ​ហៅថា ពោជ្ឈង្គ ៧ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោ​យស​ម្ពោ​ជ្ឈង្គ ៧។
 [៣០៩] ពោជ្ឈង្គ ៧ យ៉ាង គឺ សតិ​សម្ពោ​ជ្ឈង្គ ១។បេ។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១។ បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ សតិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន
ថយ | ទំព័រទី ២១៩ | បន្ទាប់