ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហទយៈ បណ្ឌ​រៈ (ធម្មជាត​ដ៏​ផូរផង់) មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត។ ចិត្ត​នេះ ជា​ធម្មជាត​ទៅជាមួយ​គ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រមដោយ​មេត្តា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​ប្រកបដោយ​មេត្តា។ ពាក្យ​ថា ទិស១ គឺ​ទិសខាងកើត​ក្តី ទិសខាងលិច​ក្តី ទិសខាងជើង​ក្តី ទិសខាងត្បូង​ក្តី ទិស​ខាងលើ​ក្តី ទិស​ខាងក្រោម​ក្តី ទិស​ទទឹង​ក្តី ទិស​ផ្សេងៗក្តី។ ពាក្យ​ថា ផ្សាយ គឺ​ផ្សាយ​ចិត្ត​ទៅ បញ្ជូន​ចិត្ត​ទៅ។ ពាក្យ​ថា សម្រាក​នៅ គឺ​សម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​ជីវិត​ឲ្យ​រស់នៅ ត្រាច់​ទៅ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រាក​នៅ។ ពាក្យ​ថា ទិសទី២ ក៏​ដូចគ្នា គឺ​ផ្សាយ​ចិត្ត​ទៅកាន់​ទិស១ យ៉ាងណា ផ្សាយ​ចិត្ត​ទៅកាន់​ទិសទី២ ទិសទី៣ ទិសទី៤ ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង ទិស​ផ្សេងៗ ក៏​យ៉ាងនោះ​ដែរ។ ពាក្យ​ថា ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង មាន​សេចក្តី​ថា ពាក្យ​ថា ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង​នុ៎ះ ជា​ពាក្យ​រួបរួម​សត្វ​ទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប
ថយ | ទំព័រទី ៣១៤ | បន្ទាប់