ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តីឈ្លាសក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាសក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជាឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។