ចុះអ្វីជាការឈ្នះសង្រ្គាម របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយអង្គុយកៀកកៀយ ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើត្រូវមាតុគ្រាមអង្គុយកៀកកៀយ ដេកជិត ឱបរឹតហើយ ក៏ច្រានចេញដោះខ្លួន ចៀសចេញទៅតាមប្រាថ្នា។ ភិក្ខុនោះគប់រកនូវទីសេនាសេនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្នុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វ