ឯក​កនិទ្ទេស


 [១៧] បុគ្គល​ជាស​មយ​វិមុត្ត តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​វិមោក្ខ ៨(១) ដោយ​នាមកាយ តាមកាល​គួរ(២) តាមសម័យ​គួរ អាសវៈ​ពួក​ខ្លះ របស់​បុគ្គល​នោះ ក៏បាន​អស់​ទៅ ព្រោះ​ឃើញ​ដោយ​បញ្ញា(៣) នេះ​ហៅថា បុគ្គល​ជាស​មយ​វិមុត្ត(៤)
(១) សមាបត្តិ ៨ ជា​រូបាវចរ និង​អរូបាវចរ គឺ​រូបជ្ឈាន ៤ អរូបជ្ឈាន ៤ ឈ្មោះថា វិមោក្ខ ព្រោះ​រួច​ស្រឡះ​ចាក​ធម៌​ជាស​ត្រូវ​ដល់​សមាបត្តិ​ទាំងនោះ។ (២) បុគ្គល​ប្រាថ្នា​នឹង​ចូល​សមាបត្តិ មានកាល ២ គឺ​កាលគួរ ១ កាលមិនគួរ ១។ កាលដែល​កំពុង​ជម្រះ​សរីរៈ​ពីព្រលឹម និង​កាល​កំពុង​ធ្វើ​វត្ត ឈ្មោះថា កាលមិនគួរ កាលដែល​ជម្រះ​សរីរៈ​ហើយ ធ្វើ​វត្ត​ហើយ ចូល​ទៅ​អង្គុយ​ក្នុង​លំនៅ​ហើយ មិនទាន់​ដល់​កាល​ទៅ​បិណ្ឌបាត​នៅឡើយ ក្នុង​ចន្លោះ​នេះ ឈ្មោះថា កាលគួរ។ មួយទៀត ភិក្ខុ​កំណត់កាល​នឹង​ចេញទៅ​បិណ្ឌបាត ហើយ​កំពុង​ថ្វាយបង្គំ​ចេតិយ កាលដែល​ភិក្ខុ មាន​ភិក្ខុសង្ឃ​ចោមរោម កំពុង​ឈរ​ក្នុង​រោង​សម្រាប់​ធ្វើ​វិតក្កៈ កាល​កំពុង​ទៅ​បិណ្ឌបាត កាល​កំពុង​ត្រាច់​ទៅ​ក្នុង​ស្រុក កាល​កំពុង​ឆាន់​បបរ​ក្នុង​អាសនសាលា និង​កាល​កំពុង​ធ្វើ​វត្ត ទាំងអស់​នេះ ឈ្មោះថា កាលមិនគួរ កាលដែល​មានឱកាស​ស្ងាត់​ក្នុង​អាសនសាលា មិនទាន់​ដល់ពេល​ភត្តកាល (ពេល​ឆាន់) នៅឡើយ ក្នុង​ចន្លោះ​នេះឯង ឈ្មោះថា កាលគួរ មួយទៀត កាល​កំពុង​ឆាន់​ភត្ត កាល​កំពុង​ទៅកាន់​វិហារ កាល​កំពុង​ទុកដាក់​បាត្រ​ចីវរ វេលា​ថ្ងៃ កាល​កំពុង​ធ្វើ​វត្ត និង​កាល​កំពុង​ឲ្យ​បរិ​បុច្ឆា ទាំងអស់​នេះ ឈ្មោះថា កាលមិនគួរ ដល់​ការ​ចូល​សមាបត្តិ​ទេ។ ឯពាក្យ​ថា សម័យ ក៏​មានន័យ​ដូចគ្នានឹង​កាល​នេះ​ដែរ។ (៣) ឃើញច្បាស់​នូវ​សង្ខារ ដោយ​វិបស្សនា​បញ្ញា ឃើញ​ចតុ​ស្ស​ច្ច​ធម៌ ដោយ​មគ្គ​ប្ប​ញ្ញា។ (៤) ជា​ឈ្មោះ​បុគ្គល ៣ ពួក គឺ សោតាបន្ន​បុគ្គល សកទាគាមិ​បុគ្គល អនាគាមិ​បុគ្គល។ អដ្ឋកថា។
ថយ | ទំព័រទី ២៣០ | បន្ទាប់