អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​បិតា មាន​ឬ។បេ។ បងប្អូន​ប្រុស មាន បងប្អូន​ស្រី មាន ក្សត្រ មាន ព្រាហ្មណ៍ មាន អ្នកជំនួញ មាន អ្នក​គ្រួ មាន គ្រហស្ថ មាន បព្វជិត មាន ទេវតា មាន មនុស្ស មាន​ឬ។ អើ។ ប្រសិនបើ​មនុស្ស​មាន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ដែរ។
 [១៦៧] បរវាទី​ធ្វើ (នូវ​ពាក្យ​ប្តេជ្ញា​ឲ្យ​មាំ) ថា មាតា មាន ព្រោះ​ហេតុ នោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ បុគ្គល​ណាមួយ មិនធ្លាប់​កើតជា​មាតា តើ​កើតជា​មាតា មាន​ឬ។ អើ។ ជន​ណាមួយ មិនធ្លាប់​កើតជា​បុគ្គល តើ​កើតជា​បុគ្គល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណាមួយ មិនធ្លាប់​កើតជា​បិតា។បេ។ មិនធ្លាប់​កើតជា​បងប្អូន​ប្រុស មិនធ្លាប់​កើតជា​បងប្អូន​ស្រី មិនធ្លាប់​កើតជា​ក្សត្រ មិនធ្លាប់​កើតជា​ព្រាហ្មណ៍ មិនធ្លាប់​កើតជា​អ្នកជំនួញ មិនធ្លាប់​កើតជា​អ្នក​គ្រួ មិនធ្លាប់​កើតជា​គ្រហស្ថ មិនធ្លាប់​កើតជា​បព្វជិត មិនធ្លាប់​កើតជា​ទេវតា មិនធ្លាប់​កើតជា​មនុស្ស តើ​កើតជា​មនុស្ស មាន​ឬ។
ថយ | ទំព័រទី ១១៥ | បន្ទាប់