[១៧៤] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល មានបច្ច័យតាក់តែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មិនមានបច្ច័យតាក់តែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មិនមានបច្ច័យតាក់តែង មិនមែនមិនមានបច្ច័យតាក់តែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មានបច្ច័យតាក់តែង ក៏មិនមែន មិនមានបច្ច័យតាក់តែង ក៏មិនមែនឬ។ អើ។ ទីបំផុតទី ៣ ដទៃទៀត វៀរលែងតែសង្ខតៈ និងអសង្ខតៈចេញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទីបំផុតទី ៣ ដទៃទៀត វៀរលែងសង្ខតៈ និងអសង្ខតៈចេញ មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ២ ប្រការ ធាតុ ២ ប្រការ តើដូចម្តេចខ្លះ គឺសង្ខតធាតុ ១ អសង្ខតធាតុ ១ ម្នាលភិក្ខុទាំងឡាយ ធាតុ ២ ប្រការនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ទីបំផុតទី ៣ ដទៃទៀត វៀរលែងតែសង្ខតៈ និងអសង្ខតៈចេញ មាន ដូច្នេះទេ។ បុគ្គល មានបច្ច័យតាក់តែង ក៏មិនមែន មិនមានបច្ច័យតាក់តែង ក៏មិនមែនឬ។ អើ។