[១៩៩] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត កាលបើ​សាបសូន្យ​ចាក​អរហត្ត​ហើយ នឹង​តាំងនៅ​ក្នុង​ទីណា​វិញ។ (នឹង​តាំងនៅ) ក្នុង​អនាគាមិផល។ អនាគាមិ​បុគ្គល កាលបើ​សាបសូន្យ​ចាក​អនាគាមិផល​ហើយ នឹង​តាំងនៅ​ក្នុង​ទីណា​វិញ។ (នឹង​តាំងនៅ) ក្នុង​សកទាគាមិផល។ សកទាគាមិ​បុគ្គល កាលបើ​សាបសូន្យ​ចាក​សកទាគាមិផល​ហើយ នឹង​តាំងនៅ​ក្នុង​ទីណា​វិញ។ (នឹង​តាំងនៅ) ក្នុង​សោតាបត្តិផល។ សោតាបន្ន​បុគ្គល កាលបើ​សាបសូន្យ​ចាក​សោតាបត្តិផល នឹង​តាំងនៅ​ក្នុង​បុថុជ្ជន​ភូមិ​វិញ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ដឹង​នូវ​កំហុស (របស់​អ្នក) ចុះ ព្រះអរហន្ត កាលបើ​សាបសូន្យ​ចាក​អរហត្ត​ហើយ នឹង​តាំងនៅ​ក្នុង​អនាគាមិផល​វិញ អនាគាមិ​បុគ្គល កាលបើ​សាបសូន្យ​ចាក​អនាគាមិផល​ហើយ នឹង​តាំងនៅ​ក្នុង​សកទាគាមិផល​វិញ សកទាគាមិ​បុគ្គល កាលបើ​សាបសូន្យ​ចាក​សកទាគាមិផល​ហើយ នឹង​តាំងនៅ​ក្នុង​សោតាបត្តិផល​វិញ ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សោតាបន្ន​បុគ្គល កាលបើ​សាបសូន្យ​ចាក​សោតាបត្តិផល​ហើយ នឹង​តាំងនៅ​ក្នុង​បុថុជ្ជន​ភូមិ​វិញ ដូច្នេះ​ដែរ។
ថយ | ទំព័រទី ១៤១ | បន្ទាប់