ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងក្រុងសាវត្ថីនេះ ដូច្នេះមែនឬ។ អើ។ ចុះការប្រព្រឹត្តិព្រហ្មចរិយធម៌ មានក្នុងក្រុងសាវត្ថីតែប៉ុណ្ណោះ ក្នុងទីឯទៀត មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាពនេះ ទៅកើតក្នុងជាន់សុទ្ធាវាសនោះ ចុះការកើតឡើងនៃផលក្នុងទីណា។ ការកើតឡើងនៃផល ក្នុងសុទ្ធាវាសនោះឯង។ បើអនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាពនេះទៅ បានទៅកើតក្នុងជាន់សុទ្ធាវាសនោះ ការកើតឡើងនៃផល ក៏ក្នុងសុទ្ធាវាសនោះឯង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ការប្រព្រឹត្តិព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតា ដូច្នេះទេ។ អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាពនេះទៅ បានទៅកើតក្នុងជាន់សុទ្ធាវាសនោះ ចុះការដាក់ចុះនូវភារៈក្នុងទីណា ការកំណត់ដឹងនូវទុក្ខ ក្នុងទីណា ការលះកិលេសក្នុងទីណា ការធ្វើឲ្យជាក់ច្បាស់នូវនិរោធក្នុងទីណា ការចាក់ធ្លុះនូវធម៌មិនកម្រើកក្នុងទីណា។ ក្នុងសុទ្ធាវាសនោះឯង។