បើអនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាពនេះទៅ បានទៅកើតក្នុងជាន់សុទ្ធាវាសនោះ ការត្រាស់ដឹងនូវធម៌មិនកម្រើក ក្នុងជាន់សុទ្ធាវាសនោះ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ការប្រព្រឹត្តិព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតា ដូច្នេះទេ។ អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាពនេះទៅ បានទៅកើតក្នុងជាន់សុទ្ធាវាសនោះ ការកើតឡើងនៃផល ក៏ក្នុងទីនោះ ការដាក់ចុះនូវភារៈក្នុងទីនោះ ការកំណត់ដឹងនូវទុក្ខក្នុងទីនោះ ការលះកិលេសក្នុងទីនោះ ការធ្វើឲ្យជាក់ច្បាស់នូវនិរោធក្នុងទីនោះ ការចាក់ធ្លុះនូវធម៌មិនកម្រើកក្នុងទីនោះ អ្នកនិយាយថា ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មិនមានដូច្នេះ តើដោយសេចក្តីដូចម្តេច។ បើដូច្នោះ មានតែអនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងមនុស្សលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះ។