បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈដោយអនាគាមិមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់សំដែងនូវសោតាបត្តិផល ព្រោះការលះសំយោជនៈទាំង ៣ យ៉ាងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់សំដែងនូវសោតាបត្តិផល ព្រោះការលះសំយោជនៈទាំង ៣ យ៉ាង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈដោយអនាគាមិមគ្គទេ។បេ។ បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអនាគាមិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអនាគាមិមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់សំដែងនូវសកទាគាមិផល ព្រោះភាពនៃកាមរាគ និងព្យាបាទដ៏ស្រាលស្តើងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់សំដែងនូវសកទាគាមិផល ព្រោះភាពនៃកាមរាគ និងព្យាបាទដ៏ស្រាលស្តើង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអនាគាមិមគ្គ ដូច្នេះឡើយ។