[៣០០] បុថុជ្ជន លះកាមរាគ និងព្យាបាទបានឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងគ្រូឈ្មោះសុនេត្តនោះ ដែលមានអាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ គង់មិនរួចចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស តថាគតពោលថា មិនរួចចាកទុក្ខឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះមិនត្រាស់ដឹង ព្រោះមិនចាក់ធ្លុះនូវធម៌ទាំង ៤។ ធម៌ទាំង ៤ តើដូចម្តេច។ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវសីលដ៏ប្រសើរ ១ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវសមាធិដ៏ប្រសើរ ១ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវបញ្ញាដ៏ប្រសើរ ១ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវវិមុត្តិដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ បើអរិយសីលនោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ អរិយសមាធិនោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ អរិយប្បញ្ញានោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ អរិយវិមុត្តិនោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ ភវតណ្ហា ក៏បុគ្គលនោះ បានផ្តាច់ផ្តិល តណ្ហាជាគ្រឿងនាំសត្វឲ្យទៅកើតក្នុងភព នៃបុគ្គលនោះ ក៏អស់រលីង ភពថ្មីនៃបុគ្គលនោះ ក៏មិនមានក្នុងកាលឥឡូវនេះទៀតឡើយ