ធម៌ទាំងនេះ គឺ សីល ១ សមាធិ ១ បញ្ញា ១ វិមុត្តិ ១ ជាធម៌ដ៏ប្រសើរ ព្រះគោតម ព្រះអង្គមានយស បានត្រាស់ដឹងហើយ ព្រោះហេតុនោះ ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ ទើបទ្រង់ត្រាស់ប្រាប់ធម៌នោះ ដល់ភិក្ខុទាំងឡាយថា ព្រះសាស្តា ទ្រង់អ្នកធ្វើនូវទីបំផុតនៃទុក្ខ មានបញ្ញាចក្ខុ បរិនិព្វានហើយ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទបាន ដូច្នេះឡើយ។
ចប់ ជហតិកថា។
សព្វមត្ថីតិកថា
[៣០១] ធម្មជាតទាំងពួង (មានរូបក្ខន្ធជាដើម) មានឬ។ អើ។ ធម្មជាតទាំងពួង មានក្នុងសរីរៈទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានសព្វកាលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានដោយអាការទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានក្នុងធម៌ទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។