[២៧៧] អនាគាមិ​បុគ្គល មាន​ករណីយកិច្ច​ធ្វើ​ហើយ មាន​ភាវនា​អប់រំ​ហើយ តែ​មានទុក្ខ​មិនទាន់​កំណត់​ដឹង មាន​កិលេស​មិនទាន់​លះ មាន​និរោធ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ មាន​អកុប្បធម៌​មិនទាន់​ចាក់ធ្លុះ រមែង​កើតឡើង​ក្នុង​ជាន់​សុទ្ធាវាស​នោះ​ឬ។ អើ។ អនាគាមិ​បុគ្គល ចំរើន​មគ្គ​ទៀត ដើម្បី​ចាក់ធ្លុះ​នូវ​អកុប្បធម៌​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៧៨] អនាគាមិ​បុគ្គល មាន​ករណីយកិច្ច​ធ្វើ​ហើយ មាន​ភាវនា​អប់រំ​ហើយ តែ​មានភារៈ​មិនទាន់​ដាក់ចុះ កើតឡើង​ក្នុង​ជាន់​សុទ្ធាវាស​នោះ តែ​មិនទាន់​ចំរើន​មគ្គ​ទៀត ដើម្បី​ដាក់ចុះ​នូវ​ភារៈ​ទេ​ឬ។ អើ។ ចុះ​អនាគាមិ​បុគ្គល មានភារៈ​មិនទាន់​ដាក់ចុះ តើ​បរិនិព្វាន​ក្នុង​ជាន់​សុទ្ធាវាស​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អនាគាមិ​បុគ្គល មាន​ករណីយកិច្ច​ធ្វើ​ហើយ មាន​ភាវនា​អប់រំ​ហើយ តែ​មានទុក្ខ​មិនទាន់​កំណត់​ដឹង មាន​កិលេស​មិនទាន់​លះ មាន​និរោធ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ មាន​អកុប្បធម៌​មិនទាន់​ចាក់ធ្លុះ រមែង​ទៅ​កើត​ក្នុង​ជាន់​សុទ្ធាវាស​នោះ តែ​មិនបាន​ចំរើន​មគ្គ​ទៀត ដើម្បី​ត្រាស់​ដឹង​នូវ​អកុប្បធម៌​ឬ។ អើ។ ចុះ​អនាគាមិ​បុគ្គល មាន​អកុប្បធម៌​មិនទាន់​ត្រាស់​ដឹង តើ​បរិនិព្វាន​ក្នុង​ជាន់​សុទ្ធាវាស​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់