[៧៤៦] វិបាក ជា​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។ បុគ្គល​សម្លាប់សត្វ​ដោយចិត្ត​ណា រមែង​ឆេះ​នៅក្នុង​នរក​ដោយចិត្ត​នោះ​ឯង ឲ្យ​ទាន​ដោយចិត្ត​ណា រមែង​រីករាយ​ក្នុង​ឋានសួគ៌ ដោយចិត្ត​នោះ​ឯង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤៧] បុគ្គល​មិន​គួរ​និយាយ​ថា វិបាក ជា​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​ទេ​ឬ។ អើ។ ក្រែង​វិបាក​ទាំងឡាយ ជា​ខន្ធ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ​ដល់គ្នា និង​គ្នា​ឬ។ អើ។ បើ​វិបាក​ទាំងឡាយ ជា​ខន្ធ ៤ ដែល​មិន​មាន​រូប ជា​បច្ច័យ​ដល់គ្នា និង​គ្នា ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វិបាក​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី។

ចប់ វិបាក​វិបាក​ធម្ម​ធម្មោ​តិក​ថា។
ចប់ សត្តម​វគ្គ។


ឧទ្ទាន​នៃ​សត្តម​វគ្គ​នោះ គឺ


និយាយ​អំពី​ការសង្គ្រោះ ១ ការ​ប្រកប​ព្រម ១ ធម៌​ប្រព្រឹត្តទៅ​ក្នុងចិត្ត ១ ទាន​ប្រព្រឹត្តទៅ​ក្នុងចិត្ត ១ បុណ្យ​សម្រេច​ដោយ​ការ​បរិភោគ តែង​ចម្រើន ១ ពួក​ប្រេត ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​បិ​ត្តិ​វិស័យ​នោះ ដោយ​ទាន​ដែល​ញាតិ​ឲ្យហើយ អំពី​លោក​នេះ ១ ប្រឹថពី ជា​វិបាក​នៃ​កម្ម ១ ជរា និង​មរណៈ ជា​វិបាក ១ វិបាក​នៃ​អរិយធម៌ មិន​មាន ១ វិបាក​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ១។
ថយ | ទំព័រទី ៣០៨ | បន្ទាប់