[៣៩៩] មគ្គ ប្រកបដោយអង្គ ៥ ឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ អរិយមគ្គប្រកបដោយអង្គ ៨ មិនមានក្នុងធម្មវិន័យណា សមណៈទី១ មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ ក៏មិនមានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ ៨ មានក្នុងធម្មវិន័យណា សមណៈទី១ មានក្នុងធម្មវិន័យនោះ សមណៈទី២។បេ។ សមណៈទី ៣។បេ។ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈទី១ ក៏មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (ពាក្យតិះដៀល) អំពីពួកសមណៈដទៃ ក៏សូន្យទៅ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថាប្រកបដោយអង្គ ៨។
ចប់ មគ្គកថា។