អាសវកថា
[១៨៨] អាសវៈ ៤ យ៉ាង ជាអនាសវៈ (ធម៌មិនមានអាសវៈ) ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជាអនាសវៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរពោលថា អាសវៈ ៤ យ៉ាង ជាអនាសវៈទេឬ។ អើ។ អាសវៈទាំងនោះ ជាធម៌ប្រកបដោយអាសវៈ ដោយអាសវៈទាំងឡាយណា (អាសវៈទាំងឡាយនោះ) ដទៃទៀត ជាអនាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ អាសវៈ ៤ ជាអនាសវៈដែរ។
ចប់ អាសវកថា។
ជរាមរណកថា
[១៨៩] ជរា និងមរណៈ របស់ពួកលោកុត្តរធម៌ ជាលោកុត្តរដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជាលោកុត្តរៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជរា និងមរណៈ របស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជរា និងមរណៈ របស់សោតាបត្តិមគ្គ ជាសោតាបត្តិមគ្គដែរឬ។ អើ។ ជរា និងមរណៈ របស់សោតាបត្តិផល ជាសោតាបត្តិផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។