[២៧៩] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ ទទួល​ទក្ខិណាទាន​បានទេ​ឬ។ អើ។ ក្រែង​ជន​ពួក​ខ្លះ ឲ្យ​ទាន​ដល់​សង្ឃ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ជន​ពួក​ខ្លះ ឲ្យ​ទាន​ដល់​សង្ឃ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ទទួល​ទក្ខិណាទាន​បាន។ ក្រែង​ជន​ពួក​ខ្លះ ឲ្យ​ចីវរ។បេ។ ឲ្យ​បិណ្ឌបាត ឲ្យ​សេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ឲ្យ​ខាទ​នីយៈ ឲ្យ​ភោជ​នីយៈ។បេ។ ឲ្យទឹក​គួរ​ផឹក ដល់​សង្ឃ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ជន​ពួក​ខ្លះ ឲ្យទឹក​គួរ​ផឹក ដល់​សង្ឃ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ ទទួល​ទក្ខិណាទាន​បាន។
 [២៨០] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ ទទួល​ទក្ខិណាទាន​បានទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា សង្ឃ បរិបូណ៌​ដោយ​សមាធិ ទទួល​ទក្ខិណាទាន បីដូច​ជា​ភ្លើង​ទទួល​គ្រឿងបូជា ឬដូច​ជា​ផែនដី​ទទួល​ភ្លៀង​ធំ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សង្ឃ​ទទួល​ទក្ខិណាទាន​បាន។
ថយ | ទំព័រទី ១៥៤ | បន្ទាប់