[៣០៨] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ សំដែង​នូវ​ធម៌​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ដើម្បី​ត្រាស់​ដឹង មិន​សំដែងធម៌​ដើម្បី​មិន​ត្រាស់​ដឹង​ទេ មា្ន​លភិ​ក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ប្រកបដោយ​ហេតុ មិន​សំដែងធម៌​មិន​ប្រកបដោយ​ហេតុ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ មិន​សំដែងធម៌​មិន​ប្រកបដោយ​បាដិហារ្យ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​កាល​សំដែងធម៌​ណា ដើម្បី​ត្រាស់​ដឹង មិន​សំដែងធម៌​ដើម្បី​មិន​ត្រាស់​ដឹង​ទេ កាល​សំដែងធម៌​ប្រកបដោយ​ហេតុ មិន​សំដែងធម៌​មិន​ប្រកបដោយ​ហេតុ​ទេ កាល​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ មិន​សំដែងធម៌​មិន​ប្រកបដោយ​បាដិហារ្យ​ទេ ឱវាទ អ្នក​គួរ​ធ្វើ អនុសាសនី អ្នក​គួរ​ធ្វើ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ គួរ​ត្រេកអរ គួរ​ពេញចិត្ត គួរ​រីករាយ​ថា ព្រះសម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ ព្រះធម៌ គឺ​ព្រះពុទ្ធ​សំដែង​ល្អ​ហើយ ព្រះសង្ឃ ប្រតិបត្តិ​ហើយដោយ​ប្រពៃ កាលដែល​ព្រះមានព្រះភាគ ទ្រង់​សំ​ដែង​វេយ្យាករណៈ​នេះ លោកធាតុ​ដប់ពាន់ ក៏​កម្រើក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​នូវ​ធម៌។

ចប់ ធម្មទេសនា​កថា។

ថយ | ទំព័រទី ១៧០ | បន្ទាប់